សហភាពអឺរ៉ុប និងជប៉ុន : ជំនួយកម្ពុជានឹងមិនប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកទេ

សហភាពអឺរ៉ុប និងជប៉ុន : ជំនួយកម្ពុជានឹងមិនប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកទេ
ភ្នំពេញ ៖ សហភាពអឺរ៉ុប និងប្រទេសជប៉ុនដែលជាអ្នកផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជាបានអះអាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ជំនួយសម្រាប់ប្រទេសកម្ពុជា នឹងមិនប៉ះពាល់ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកនោះឡើយ នៅពេលដែលប្រទេសអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍គ្រោងនឹងជួបប្រជុំនៅថ្ងៃទី៤ និង៥ ខែធ្នូខាងមុខនេះ។ប៉ុន្តែទោះជាយ៉ាងណាក្ដី ការទាមទារឲ្យដោះស្រាយបញ្ហាពុករលួយនឹងនៅតែជាថ្នាំល្វីងសម្រាប់រដ្ឋាភិបាលជាថ្នូរនឹងជំនួយនោះ។
នៅក្នុងវេទិកាតុមូលមួយជាមួយអ្នកកាសែតដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅសណ្ឋាគារក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិខុនរ៉ាដ អាដេណៅអ៊ែរ អាល្លឺម៉ង់នោះ លោក ហ្សង់ ហ្វ្រង់ស័រ ដេស្មាហ្ស៊ីយែរ (Jean Francois Desmazieres) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងដែលជាប្រធានសហភាពអឺរ៉ុបនាឆមាសទី២ ឆ្នាំ២០០៨នេះបាននិយាយថា "តួលេខជំនួយសម្រាប់ប្រទេសកម្ពុជាមិនត្រូវប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុឡើយ"។
លោកបាននិយាយបន្ថែមទៀតថា នៅសប្ដាហ៍ក្រោយនឹងមានការពិភាក្សាអំពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ២០០៩-២០១១។ មកដល់ពេលនេះយើងមិនទាន់អាចនិយាយបានទេថា តើត្រូវផ្ដល់ឲ្យប៉ុន្មាន។
ប៉ុន្តែលោកអាចនិយាយបានថា មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចុះលោកឯកអគ្គរដ្ឋទូតបារាំងដែលជាប្រធានសហភាពអឺរ៉ុបនោះបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានពន្យល់ថា ជាកត្តាឡូហ្សិក នៅពេលដែលសេដ្ឋកិច្ចមួយមានការរីកចម្រើនហើយនោះ ជំនួយបរទេសនឹងមានការថយចុះ។ ជំនួយបរទេសមិនមែនជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតនោះឡើយ។ ជំនួយនេះនឹងថយចុះបើសិនជាមានវិនិយោគទុនជាច្រើនបានចូលមកជំនួសហើយនោះ។
សភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសនោះគឺជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនពួកគេបានផ្ដល់ជំនួយចំនួនជាង២០០លានដល់ប្រទេសកម្ពុជា ហើយជប៉ុនគឺជាអ្នកផ្ដល់ជំនួយច្រើនជាងគេលំដាប់ថ្នាក់ទីពីរបន្ទាប់ពីសហភាពអឺរ៉ុប ដោយផ្ដល់លុយឲ្យកម្ពុជាចំនួន១១២,២៩លានដុល្លារ។ ដូច្នេះបើធ្វើការប្រៀបធៀបជាប្រទេសវិញ ប្រទេសជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយច្រើនបំផុតមកកាន់ប្រទេសកម្ពុជា។
គួរឲ្យចាប់អារម្មណ៍ដែរនោះ នៅពេលដែលអ្នកផ្ដល់ជំនួយជួបគ្នានៅក្នុងសប្ដាហ៍ក្រោយនោះ ប្រទេសជប៉ុនក៏នឹងមិនទម្លាក់ជំនួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែបញ្ហាហិរញ្ញវត្ថុពិភពលោកឡើយ។
កញ្ញា កាអូរី យុស៊ីម៉ាតស៊ុ លេខាទីបីនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជាបាននិយាយថា "ជំនួយសម្រាប់ប្រទេសកម្ពុជានឹងមិនប៉ះពាល់ដោយសារ
សេដ្ឋកិច្ចពិភពលោកទេ។ ប៉ុន្តែយើងមិនទាន់អាចនិយាយបានអំពីចំនួនឡើយរហូតដល់ថ្ងៃទី៥ ខែធ្នូ"។
កញ្ញា បាននិយាយបន្ថែមទៀតថា យើងនឹងទុកឲ្យនៅដដែល។
ទោះបីជាយ៉ាងនេះក៏ដោយចុះជំនួយទាំងនោះនឹងមិនផ្ដល់ឲ្យដោយកម្ពុជា មិនធ្វើអ្វីដែលធានាថា ជំនួយនឹងយកមកប្រើប្រាស់ដោយមានប្រសិទ្ធភាពឡើយ។ ដូច្នេះការបន្តទាមទារឲ្យកម្ពុជាកម្ចាត់ឲ្យបានអំពើពុករលួយ នឹងនៅតែជាថ្នាំល្វីងដែលកម្ពុជាត្រូវតែលេប។
លោក ហ្វ្រែង ម៉ាន់ (Frank M.Mann) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា "បញ្ហាអំពើពុករលួយនឹងត្រូវលើកយកមកដាក់នៅលើតុពិភាក្សា ក្នុងកិច្ចប្រជុំអ្នកផ្ដល់ជំនួយនោះ។ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយថា វានឹងត្រូវដោះស្រាយយ៉ាងម៉េចនៅឡើយទេ"។
ចំណែកឯអង្គការ Global Witness បានទទូចឲ្យប្រទេសផ្ដល់ជំនួយដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញអភិបាលកិច្ច និងតម្លាភាពនៅក្នុងការគ្រប់គ្រងទៅលើវិស័យប្រេង និងរ៉ែ នៅពេលដែលពួកគេនឹងមានការប្រជុំនៅសប្ដាហ៍ក្រោយនេះ ដើម្បីសម្រេចផ្ដល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍន៍នោះ។
អង្គការនេះបាននិយាយថាកន្លងមកស្ទើរតែមិនមានការសន្យាណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងសិទ្ធិមនុស្សនៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមកបានសម្រេចក្លាយជាការពិតនៅឡើយទេ។ ប៉ុន្តែជំនួយនៅតែបន្តហូរចូលសម្រាប់កម្ពុជា។
អង្គការនេះបាននិយាយថា ខ្លួនបានធ្វើការអង្កេតទៅលើវិស័យប្រេង និងរ៉ែនៅប្រទេសកម្ពុជា ហើយបានរកឃើញថា អ្នកសម្របសម្រួលអំណាចមួយចំនួនតូច ដែលដឹកនាំប្រទេសបានលក់អាជ្ញាប័ណ្ណដ៏មានតម្លៃទៅឲ្យក្រុមហ៊ុនបរទេស តាមរបៀបមួយដែលមិនមានតម្លាភាព និងគួរឲ្យសង្ស័យជាខ្លាំង។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួន៦០ត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនឯកជន។ រហូតមកទល់ពេលបច្ចុប្បន្ននេះតម្លាភាពជាមូលដ្ឋាន និងបញ្ញត្តិប្រឆាំងអំពើពុករលួយនៅក្នុងការផ្ដល់ទ្រព្យសម្បត្តិសាធារណៈមិនទាន់បានបំពេញឲ្យបាននៅឡើយទេ។ រដ្ឋាភិបាលមិនបានរៀបចំឲ្យមានការដេញថ្លៃបើកចំហជាសាធារណៈសម្រាប់សិទ្ធិដែលទាក់ទងទៅនឹងរ៉ែ និងប្រេងនៅឡើយទេ។ រដ្ឋាភិបាលបានខកខាននៅក្នុងការបោះពុម្ពផ្សាយព័ត៌មានស្ដីពីក្រុមហ៊ុនណាដែលបានទទួលសិទ្ធិសម្រាប់ធនធានទាំងនោះ។
អង្គការនេះនិយាយទៀតថា ការសម្រេចចិត្តកំពុងតែធ្វើនៅពេលនេះអំពីការផ្ដល់ធនធានរ៉ែ និងប្រេងរបស់ប្រទេសកម្ពុជា ដែលនឹងកំណត់ថា តើប្រាក់ចំណូលនោះ នឹងអាចទាញប្រទេសកម្ពុជាឲ្យរួចផុតពីភាពក្រីក្រ
ឬក៏វានឹងនាំឲ្យមានបណ្ដាធនធានទៅវិញ។វាគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសផ្ដល់ជំនួយ។
អង្គការសុំឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ទទូចឲ្យមានការពន្យារពេលផ្ដល់អាជ្ញាប័ណ្ណថ្មីទៀតនៅក្នុងវិស័យប្រេង និងរ៉ែ រហូតដល់ពេលដែលកម្ពុជាមានក្របខ័ណ្ឌច្បាប់ សង្គម បរិស្ថាន ជាមូលដែលអាចធ្វើការគ្រប់គ្រងទៅលើអាជ្ញាប័ណ្ណ
ទាំងអស់ និងធនធានដែលបានមក។
លោកហ្កាវីន ហៃម៉ាន់ (Gavin Hayman) នាយកយុទ្ធនាការនៃអង្គការ Global Witness និយាយថា ជាមួយនឹងការមកដល់ដ៏សម្បើមនៃប្រាក់ចំណូលដែលបានមកពីប្រេង និងរ៉ែ ឆ្នាំ២០០៨ អាចជាឱកាសចុងក្រោយសម្រាប់ប្រទេសផ្ដល់ជំនួយប្រើអំណាចរបស់ខ្លួន ដើម្បីដាក់លក្ខខណ្ឌ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាជាច្រើននោះមានជោគវាសនាកាន់តែប្រសើរឡើង។
ប្រទេសកម្ពុជា គឺជាំប្រទេសដែលពឹងផ្អែកខ្លាំងទៅលើជំនួយបរទេស។ កាលពីឆ្នាំ២០០៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ចំនួន៦៨៩លានដុល្លារ ជាមួយនឹងការទាមទារឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។
ប៉ុន្តែរដ្ឋាភិបាលមិនទាន់អាចធ្វើតាមសន្យានោះឡើយ ដោយលើកហេតុផលថា វាទាមទារ
ឲ្យមានច្បាប់ព្រហ្មទណ្ឌជាមុនសិន។
កាលពីឆ្នាំ២០០៧ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃជាបឋមថា ប្រេងនៅកម្ពុជាអាចមានចំនួន៧០០លានបារ៉ែល ហើយកម្ពុជាអាចរកចំណូលបានប្រហែល១៥ពាន់លានដុល្លារ។ ប្រាក់ចំណូលប្រេងនឹងចាប់ផ្ដើមមានចំនួន១៧៤លានដុល្លារនៅក្នុងឆ្នាំ២០១១ ហើយវានឹងឡើងដល់១.៧០០លាននៅឆ្នាំ២០២១។
ដោយបច្ចុប្បន្នតម្លៃប្រេងមានការធ្លាក់ចុះនោះ ការប៉ាន់ស្មានចំពោះប្រាក់ចំណូលពីប្រេងនឹងត្រូវទាបជាងនេះ។ ម្យ៉ាងទៀតនោះ មន្ត្រីរដ្ឋាភិបាលមិនទាន់ហ៊ាននិយាយនៅឡើយទេថា កម្ពុជាអាចនឹងមានប្រេងច្រើនដូចការប៉ាន់ស្មានខាងលើនោះ៕

Share on Google Plus

About loveforever

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

แสดงความคิดเห็น