សម្ពោធស្លាកសញ្ញាអង្គរបេតិកភណ្ឌពិភពលោក

សម្ពោធស្លាកសញ្ញាអង្គរបេតិកភណ្ឌពិភពលោក
ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់តំបន់ប្រវត្តិសាស្ត្រអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ជាការពិតណាស់ ការផ្ដល់តម្លៃជាសាកលដែលគ្មានអ្វីអាចប្រៀបផ្ទឹមចំពោះប្រាង្គប្រាសាទនានានៅតំបន់ប្រវត្តិសាស្ត្រអង្គរយើងនេះ អង្គការយូណេស្កូមិនត្រឹមតែបានចារឹកតម្លៃដ៏មហាសាលនៃអរិយធម៌ខ្មែរនេះបាន និងកំពុងចារឹកជាប់ក្នុងបេះដូងរបស់អ្នកស្នេហាវិស័យសិល្បៈបុរាណវិទ្យា និងប្រវត្តិសាស្ត្រលើពិភពលោកទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០០៨ ក្នុងឱកាសប្រារព្ធពិធីសម្ពោធស្លាកសញ្ញាអង្គរបេតិកភណ្ឌពិភពលោកនៅសៀមរាបអង្គរ ដែលជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយបង្ហាញឲ្យឃើញពីមោទនភាពជាតិដ៏ខ្ពស់របស់ប្រជាជនកម្ពុជា និងបង្ហាញឲ្យពិភពលោកទាំងមូលមើលឃើញកាន់តែប្រត្យក្សពីភាពអស្ចារ្យនៃអរិយធម៌ដ៏ចំណាស់ និងដ៏រុងរឿងរបស់ខ្មែរ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីពិធីដ៏មហោឡារិកដែលយើងកំពុងធ្វើសម្រាប់អង្គរបេតិភណ្ឌពិភពលោកនេះ គឺយើងកំពុងរង់ចាំព្រឹត្តិការណ៍ដ៏អធិមអធមមួយទៀតនៅប្រាសាទព្រះវិហារដែលទើបតែត្រូវបានទទួលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងនឹងប្រារព្ធពិធីដ៏គគ្រឹកគគ្រេងឲ្យសមទៅតាមតម្លៃដ៏អស្ចារ្យនៃប្រាសាទព្រះវិហាររបស់យើង។ ពិធីនេះ នឹងប្រារព្ធនៅក្នុងទីលានរបស់ប្រាសាទព្រះវិហារផ្ទាល់ជាប្រាសាទដែលពិភពលោកបានទទួលស្គាល់ និងឲ្យតម្លៃថា ជាទ្រព្យសម្បត្តិវប្បធម៌កម្ពុជាតាំងពីឆ្នាំ១៩៦២ ហើយបានចាត់ទុកថា ជារតនវត្ថុរបស់ខ្មែររហូតមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោមានប្រសាសន៍បន្តថា យើងកំពុងប្រារព្ធនាពេលនេះ គឺជាចំណុចគោលដៅដែលយើងបានខិតខំធ្វើដំណើរឆ្ពោះទៅរកអស់រយៈពេលជាយូរមកហើយតាមមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយអនាគតរបស់ប្រាង្គប្រាសាទអង្គរនឹងអនាគតនៃតំបន់សៀមរាបទាំងមូល និងជាកត្តាកំណត់អនាគតរបស់ប្រទេសកម្ពុជា ហើយអនាគតនេះត្រូវតែប្រកបដោយវិបុលភាព។ រាជរដ្ឋាភិបាលពិតជាធ្វើការខិតខំមិនខ្លាចភាពនឿយហត់ និងជំនះគ្រប់ឧបសគ្គ។
សម្ដេចតេជោបញ្ជាក់ថា ភារកិច្ចចំពោះយើងទាំងអស់គ្នា ពិសេសគឺភារកិច្ចនៃការលុបបំបាត់ភាពក្រីក្រ ពិតជាមិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះឡើយ។ យើងត្រូវជំរុញអនុវត្តនូវសកម្មភាពប្រទាក់ក្រឡាគ្នាប្រភពដោយចីរភាពជាប់មិនដាច់ក្នុងគ្រប់ការដ្ឋានការងារទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាព នយោបាយសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា កិច្ចអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌អរិយធម៌គ្មានទីបញ្ចប់ ព្រមទាំងទាមទារឲ្យមានកិច្ចខិតខំជាប់មិនដាច់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសវិស័យឯកជន។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៤មក កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បាននាំមកនូវលទ្ធផលគួរជាទីមោទនៈ គឺរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរទាំងមូលដែលត្រូវបានចាត់ទុកថា ជាបេតិកភណ្ឌពិភពលោកនៅក្នុងបញ្ជីរងគ្រោះថ្នាក់ លែងត្រូវបានចាត់ទុកនៅក្នុងស្ថានភាពរងគ្រោះទៀតហើយ និងត្រូវបានប្រកាសទទួលស្គាល់ថា ជារតនវត្ថុបេតិកភណ្ឌមនុស្សជាតិ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការរួមចំណែកពីសំណាក់អង្គការយូណេស្កូ និងបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ។
លោកជំទាវ ហ្វ្រង់ស្វ័រ វីវីយែរ អគ្គនាយករងទទួលបន្ទុកកិច្ចការវប្បធម៌របស់អង្គការយូណេស្កូមានប្រសាសន៍ថា រមណីយដ្ឋានអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រដ្ឋាភិបាល និងអង្គការយូណេស្កូបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានានូវការអភិរក្ស និងការអភិវឌ្ឍន៍នូវរមណីយដ្ឋានដ៏ល្អអស្ចារ្យមួយនេះ។ ចាប់តាំងពីថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២ គឺការចុះបញ្ជីចូលទៅក្នុងបេតិកភណ្ឌពិភពលោក។ តម្លៃជាសាកល និងតម្លៃពិសេសនៃអង្គរ ត្រូវបានគេទទួលស្គាល់ និងលើកឲ្យលេចធ្លោឡើង។ ជាអាទិ៍ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្រុះសម្រួលនិងអភិរក្ស (CIC) តំបន់ប្រាសាទអង្គរ។
លោកជំទាវបន្តថា តាម CIC ចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៩៣ មកម្ល៉េះ។ CIC នេះបានក្លាយជាគម្រោងសម្រាប់ CIC ផ្សេងៗទៀតសម្រាប់អង្គការយូណេស្កូ ហើយយើងត្រូវទទួលស្គាល់ការពិតថា រយៈពេល១៥ឆ្នាំកន្លងមកនេះ ពិតជាអស្ចារ្យមែន។ យើងពិតជាត្រូវរង់ចាំរមណីយដ្ឋានអង្គរនេះត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកក្នុងស្ថានភាពរងគ្រោះ ទើបអង្គរនេះមានលក្ខណៈពេញលេញ ហើយការដកចេញនេះនៅឆ្នាំ២០០៤។
វត្តមានរបស់សម្ដេចធ្វើឲ្យអង្គការយូណេស្កូ មានសេចក្ដីរំភើបឥតឧបមាផងដែរ សូមសម្ដេចទទួលនូវពរសព្ទសាធុការ និងមានកោតសរសើរយ៉ាងកក់ក្ដៅពីយើងខ្ញុំទាំងអស់គ្នា។
លោកជំទាវបញ្ជាក់ថា ពិធីនៅថ្ងៃនេះ គឺជាចំណុចមួយបញ្ជាក់កាន់តែច្បាស់ថា យើងទាំងអស់គ្នាពិតជាស្រឡាញ់បេតិកភណ្ឌ ហើយនេះ គឺជាចំណុចចាប់ផ្ដើមនៃការសហការអន្តរជាតិទាំងអស់គ្នា៕

Share on Google Plus

About loveforever

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

แสดงความคิดเห็น